រដ្ឋាភិបាលចិនប្រកាសថា ចំនួនអ្នកឆ្លង COVID-19 នៅតាមខេត្ត-តំបន់នានាក្រៅពីខេត្ត Hubei «ធ្លាក់ចុះ១៥ថ្ងៃជាប់ៗគ្នា»

បើតាមរបាយការណ៍ថ្មីពីគណៈកម្មការជាតិសុខាភិបាលចិន ករណីឆ្លងថ្មី ៥៦ករណីប៉ុណ្ណោះ ត្រូវបានគេរាយការណ៍កាលពីថ្ងៃអង្គារ នៅតំបន់នានាក្រៅពីខេត្ត Hubei ដែលនេះគឺជាការធ្លាក់ចុះនៃចំនួនករណីឆ្លងថ្មី ១៥ថ្ងៃជាប់ៗគ្នា គិតចាប់តាំងពីថ្ងៃទី០៣ ខែកុម្ភៈមក ដែលជាពេលមានឆ្លងថ្មីៗដល់ទៅ ៨៩០ករណីក្នុងមួយថ្ងៃ នៅតាមបណ្តាខេត្ត-ក្រុងនានា នៅពីខេត្ត Hubei។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញ គណៈកម្មាការជាតិសុខាភិបាលចិនទទួលបានរបាយការណ៍ពីការឆ្លងថ្មីនៃ COVID-19 ១,៧៤៩កណីពីតំបន់ និងខេត្តចំនួន ៣១ នៅទូទាំងប្រទេសចិន ក្នុងនោះរួមមាន ១,៦៩៣ករណីនៅក្នុងខេត្ត Hubei។
បើតាមតួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ ២,០០៤នាក់ ខណៈ ៧៤,១៨៥នាក់ឆ្លងនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ ដោយឡែកកាលពីថ្ងៃអង្គារម្សិលមិញនេះ មនុស្សចំនួន ១,៨២៤នាក់ បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 កើនឡើងដល់ ១៤,៣៧៦នាក់៕
ប្រភពពត៌មាន : Fresh News 
http://m.freshnewsasia.com/index.php/en/internationalnews/148800-2020-02-19-02-55-29.html


Comments