BREAKING NEWS: អាមេរិកអះអាងថា អ៊ីរ៉ង់បាញ់ស្រោចមីស៊ីលរាប់សិបគ្រាប់ លើមូលដ្ឋានទ័ពក្នុងប្រទេសអ៊ីរ៉ាក់ នាំឲ្យមនុស្សមួយចំនួនស្លាប់ និងរងរបួស!

(អាមេរិក)៖ មន្ទីរបញ្ចកោណនៃសហរដ្ឋអាមេរិក ទើបតែបានទទួលស្គាល់នៅមុននេះបន្តិចថា អ៊ីរ៉ង់បានធ្វើការវាយប្រហារដោយគ្រាប់មីស៊ីល ទៅលើមូលដ្ឋានទ័ពចំនួនពីរកន្លែងក្នុងទឹកដីអ៊ីរ៉ាក់ ដែលមានវត្តមានកងទ័ពអាមេរិកនៅទីនោះ ហើយហេតុការណ៍នេះបានកើតមានឡើង បន្ទាប់ពីមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qassem Soleimani) ត្រូវបានអាមេរិកសម្លាប់នៅក្នុងទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ CNN នាព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
បើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងចំណោមការវាយប្រហារមូលដ្ឋានទ័ពពីរទីទាំង នៅក្នុងទីក្រុង អេប្រីល (Ebril) នោះ គឺមានមូលដ្ឋានទ័ពអាកាសមួយឈ្មោះ អេនអាល់អាស្សាដ (Ain al-Asad) បានទទួលរងការវាយប្រហារខ្លាំងជាងគេ ដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ចំនួនជាង ១០គ្រាប់ និងបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសមួយចំនួន តែមិនទាន់មានការបញ្ជាក់អំពីចំនួនច្បាស់លាស់នោះឡើយ។
គួរបញ្ជាក់ថា មន្ទីរបញ្ចកោណអាមេរិក និងមេបញ្ជាការទ័ពប្រចាំប្រទេសអ៊ីរ៉ាក់ កំពុងតែធ្វើការត្រួតពិនិត្យ លើចំនួនការខូចខាតជារួមនៅឡើយ។ ក្រសួងការពារជាតិអាមេរិក ក៏ធ្លាប់បានអះអាងផងដែរថា មូលដ្ឋានទ័ពខាងលើនេះ គឺសុទ្ធតែស្ថិតនៅក្នុងគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ និងបានប្រាប់យោធាទីនោះឲ្យប្រុងជើងការកម្រិតខ្ពស់ រួចទៅហើយកាលពីប៉ុន្មានថ្ងៃមុននេះ៕

ពត៌មានលំអិត៖ 016 414 818 / 078 418 416
សូមចុចលីងនេះ សំរាប់ការយល់ដឹងពីការជួញដូរ FOREX

Comments